ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកម្មវិធីផ្សព្វផ្សាយសំរាប់សាធារណជន ក្នុងយុទ្ឋនាការ”ពន្លកបៃតង” ដើម្បី ឱ្យពួកគេយល់ដឹងអំពីសារៈសំខាន់នៃការដាំដើមឈើ

ស្រុកអូររាំងឪ​ ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ​២០២៥​ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជេីញចូលរួមពីលោកស្រី​ ឃ្លោក​ វិចិត្រ​រដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចក​ និងក្រុមការងារ​ លោក​ លី​ ណារិន​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ជា​ ណារ៉ុន អភិបាលស្រុក​ លោក​ ទី​ ឆៃលន់​ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ​ បានអញ្ជើញដឹកនាំមន្រ្ដីរាជការ​ ក្រុមប្រឹក្សា​ស្រុក​ ឃុំ​ អាជ្ញាធរភូមិ​ យុវជន​ ស.ស.យ.ក​ កាយឫទ្ធិ​ កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ដាំកូ​នឈេី នៅទំនប់ជុំវិញស្រះទឹកធំ ស្ថិតនៅភូមិប្រាសាទ​ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ង៉ូវ បូរីណា បានលើកឡើងថា ការដាំដើមឈើគឺជាគ្រឿងសំខាន់ក្នុងការការពារបរិស្ថាន និងការបន្សល់ទុកធនធានធម្មជាតិសំរាប់ជំនាន់ក្រោយ ។យុទ្ធនាការដាំដើមឈើត្រូវបានរួមបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ក្រសួងបរិស្ថាន ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។