ឯកឧត្ដម ង៉ូវ បូរីណា ដឹកនាំប្រជាពលរដ្ឋ ដាំដើមឈើ ក្នុងឃុំដំរិល

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ដំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ដឹកនាំ​មន្រ្ដី​រាជការ​ ប្រជាពលរដ្ឋ ​សិស្សានុសិស្ស​ ប្រមាជាង​១០០នាក់​ ចូលរួម​ដាំដើមឈើ ស្របតាម​បណ្ដោយ​ប្រឡាយ​ទឹក​ ស្ថិត​ក្នុង​ឃុំ​ដំរិល​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។
សកម្មភាព​នាំគ្នា​ដាំដើមឈើ​ នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ជា​ការ​ចូលរួម​យ៉ាង​សកម្ម​លើ​យុទ្ធនាការ​ “ពន្លក​បៃតង​”​ សំដៅ​លើ​ការ​ដាំដើមឈើ​ តាម​មូលដ្ឋាន​ ទីសាធារណៈ​ តំបន់​ដី​សិករិចរិល​ ដើម្បី​ពង្រីក​គម្របបៃតង​ និង​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។
ក្នុង​ស្មារតី​ដើម្បី​បរិស្ថាន​មាន​ភាព​បៃតង​ និង​ចីរភាព​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​ថា យើងទាំងអស់​គ្នា​ ត្រូវ​បន្ដរួបរួម​ស្មារតី​ថែរក្សា​បរិស្ថាន​កម្ពុជា​ ដោយ​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ លើគ្រប់​យុទ្ធនាការ​ ដើម្បី​ភាព​ស្អាត​ ភាពបៃតង​ និង​ចីរភាព​បរិស្ថាន​ ជា​ពិសេស​ធ្វើ​យ៉ាងណា​ជម្រុញ​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត​កាបូន​ នាឆ្នាំ​២០២៥។
ឯកឧត្ដម​ បានបន្ដថា​ ក្រសួង​បរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​គ្រប់​ រាជធានី​ ខេត្ត​ នឹង​ផ្ដល់​ ឬ​ចែកកូន​ឈើ​ជូន​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ការ​ដាំដុះ​ ដោយឥតគិតថ្លៃ​។  ជាមួយ​គ្នា​នេះដែរ​ ឯកឧត្ដម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ចូលរួម​ដាំដើមឈើ​ ឱ្យ​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ក្នុង​រដូវ​វស្សា​ខាងមុខនេះ​។