នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីទិវាមច្ឆជាតិលើកទី២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធធ្វើនៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ កូនត្រីរាប់លានក្បាលត្រូវបានលែងចូលបឹងទន្លេបាទី ដើម្បីលើកកម្ពស់ស្មារតីប្រជាពលរដ្ឋក្នុងការអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ក្នុងគោលបំណងគឺបង្កើនស្តុកមច្ឆជាតិ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។
គួរជម្រាបជូនថា បឹងទន្លេបាទីមានបណ្តោយប្រវែងប្រមាណ ៧គ.ម. និងទទឹងប្រវែង១គ.ម. ជម្រៅ៧ម៉ែត្រ ដែលមានត្រីមេពូជ កូនត្រី និងវារីសត្វ សរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាបជាដើម។