នាព្រឹកថ្ងៃអាទិត្យ ៤កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍នេះ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈូកស និងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១០ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំទាំង ១០ ព្រមទាំងក្រុមការងារសរុបចំនួន ២៨១ នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួនជាច្រើន ដេីម្បីបម្រើដល់ការងារគណបក្ស និងជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រុមការងារទាំងអស់តែងតែមានការរួមសហការគ្នាបានយ៉ាងល្អ និងចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ក្តាប់ព័ត៌មាន និងសភាពការណ៍បានខ្ជាប់ខ្ជួន។
ស្ថិតក្នុងពេលវេលាដ៏តានតឹង នៃទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ ដោយមានបងប្អូនពលករខ្មែរជាច្រើនបានអញ្ជើញវិលត្រឡប់មកស្រុកកំណើត ក្នុងនោះ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំឱ្យគណៈកម្មាធិការគណបក្សឃុំទាំងអស់ ត្រូវចុះស្រង់ពត៌មាន ស្វែងរកការងារជូនពួកគាត់ធ្វើឱ្យបានគ្រប់ៗគ្នា និងជាពិសេសត្រូវលេីកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយអាចបង្កើតជាសហគមន៍ដាំដំណាំ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ដេីម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារផង ក៏ដូចជាអាចយកមកលក់លេីទីផ្សារបានប្រាក់ចំណូលបន្ថែម ដែលជាការបង្កើតឱកាសការងារ និងរកទីផ្សារជូនពួកគាត់ ជំនួសឱ្យការនាំចូលបន្លែ ផ្លែឈើពីប្រទេសជិតខាងដោយមិនដឹងប្រភពច្បាស់លាស់៕


