នាយករដ្ឋមន្ត្រីថៃ ស្នើខ្លួនឯងមកធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌វិញ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានដាក់ស្នើបញ្ជីគណៈរដ្ឋមន្ត្រីថ្មីទៅព្រះមហាក្សត្រដើម្បីសុំការយល់ព្រម ដោយលោកស្រីនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ខណៈក្រសួងសំខាន់ៗដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងមានអ្នកជំនួសថ្មី។

យោងតាមកាសែត Bangkok Post និង The Nation លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្នើខ្លួនឯងឱ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងវប្បធម៌។ អ្នកវិភាគនយោបាយបានលើកឡើងថា វិធានការនេះគឺដើម្បីធានាថា លោកស្រីនៅតែអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបាន ក្នុងករណីដែលលោកស្រីត្រូវបានផ្អាកតំណែងជានាយករដ្ឋមន្ត្រី។
អតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលលោកត្រូវបានតុលាការរដ្ឋធម្មនុញ្ញថៃផ្អាកតំណែង។
រដ្ឋមន្ត្រីក្រសួងវប្បធម៌បច្ចុប្បន្ន លោកស្រី Sudawan Wangsuphakijkosol ត្រូវបានស្នើឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Phumtham Wechayachai ត្រូវបានគេរំពឹងថានឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក Nattaphon Narkphanit អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ទំនងជានឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយគណបក្ស ភឿថៃ ចង់ឱ្យអតីតយោធារូបនេះទទួលខុសត្រូវលើបញ្ហាសន្តិសុខរបស់រដ្ឋាភិបាល។
លោក Pongkawin Jungrungruangkit អនុប្រធានគណបក្សភឿថៃ ត្រូវបានគេរំពឹងថានឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ។ លោក Suchart Chomklin អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងជាមេដឹកនាំក្រុមសមាជិកសភាចំនួន ១៨ នាក់មកពីគណបក្សរួបរួមជាតិថៃ ត្រូវបានគេរំពឹងថានឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ។
លោក Jatuporn Buruspat អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ប្រភពបានឱ្យដឹងថា Jatuporn ក៏នឹងក្លាយជាមេដឹកនាំគណបក្សឱកាសថ្មី (New Opportunity Party) និងសម្ព័ន្ធជាមួយក្រុមសមាជិកសភារបស់លោក Suchart ដើម្បីចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ។ គណបក្សនេះត្រូវបានគេនិយាយថា ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីបុគ្គលមានឥទ្ធិពលក្នុងវិស័យថាមពលរបស់ថៃ។
នៅថ្ងៃទី១ ខែកក្កដា តុលាការរដ្ឋធម្មនុញ្ញថៃនឹងពិនិត្យលើសំណើស៊ើបអង្កេតលោកស្រី ផែថងថាន ដែលដាក់ឡើងដោយក្រុមសមាជិកព្រឹទ្ធសភា។ នៅពេលនោះ លោកស្រីប្រឈមនឹងហានិភ័យនៃការត្រូវបានតុលាការផ្អាកតំណែងជានាឯករដ្ឋមន្ត្រីជាបណ្តោះអាសន្ន។
ប្រសិនបើស្ថានភាពនេះកើតឡើង លោក Phumtham Wechayachai នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់តុលាការរដ្ឋធម្មនុញ្ញចេញសេចក្តីសម្រេចថា តើនឹងទម្លាក់លោកស្រី ផែថងថាន ចេញពីតំណែងឬយ៉ាងណា?៕

ប្រភព: សំ សីហា